សហការ-ឧបត្ថម្ភ       
 
  • គូលីកំនែន (ត)


    សល់តែសំបកខ្លួន

    លុះព្រឹកស្រាងៗមុនពេលកំនែនចេញទៅធ្វើការ លឹមបានលាគូកនគាត់។ដើរចេញពីពោធិចិនតុង

    ជាមួយតាមុយ។ ដល់កំពង់ទួល គាត់ទិញចេកមួយស្និត ផ្លែម្នាស់មួយផ្ញើជូនម៉ែឪគាត់។ នាក់ទាំង

    ពីរនាក់បានខំដើរយ៉ាងលឿនមកដល់ភូមិដើមអំពិលពេលលោកទ្រង់បាត្រ។

    នៅផ្ទះលឹមបងៗ គាត់មកប្រជំុគ្នា។ស្រីៗ កោរសក់ ពូស្វាយមីងពត ក៏បានមកជំុនៅផ្ទះនេះដែរ។

    ពូស្វាយឃើញលឹមមកដល់បានចុះទៅនិយាយលួងលោមថា៖

    -មិនមែនតែយើងទេព្រាត់ប្រាស់នោះ…។ពុក និងបងៗ ឯងគ្មានប្រហែសទេ។ក្រោយដែលបាន

    ដឹងថាដន្លង និង ក្រហេងស្លាប់នឹងគ្រាប់បែក យើងបបួលគ្នាទៅភ្នំពេញភ្លាម។យើងខំពិនិត្យមើល

    សពទាំងបីច្បាស់ក៏ហែយកមកបូជានៅវត្តបូទុម។ មានគ្រួសារច្រើនណាស់មិនទានរកខ្មោច

    ឃើញ។ ថ្ងៃនេះ យើងបានប្រជំុគ្នាធ្វើបុណ្យរំលឹកគាត់ម្តងទៀត…។

    -ដំណឹងនេះបានធ្វើអោយលឹមធ្លាក់ទឹកភ្នែកមុខក្រៀមភ្លាម។គាត់បានឡើងទៅលើផ្ទះគោរព

    វិញ្ញាណក្ខន្ធ នៃបុគ្គលទាំងបីដែលនៅសល់ ជាធាតុបីកញ្ចប់ដំកល់លើជើងពាន….។

    បីថ្ងៃក្រោយមក មន្តលោកឆាន់បុណ្យខ្មោចតាង៉ែត នាងហេង បងប្រុស-ស្រីលឹម និង ភ្ញៀវជិត

    ឆ្ងាយបានត្រលប់ទៅផ្ទះរៀងខ្លួន។ លឹមរក្សាកញ្ចប់ធាតុឪពុកម្តាយនិង គូសង្សារគាត់ ទុកលើ

    ធ្នើមុខកញ្ចក់ព្រះពុទ្ធរូប ដែលព្យួរនៅជញ្ជាំងក្បាលដំនេក។

    ព្រាត់ម្តាយ ព្រាត់ឪពុក ព្រាត់សង្សារគាប់ចិត្តធ្វើអោយលឹមក្រៀមក្រំ ធ្វើការមិនម៉ត់ចត់មាំទាំ។

    គាត់នៅផ្ទះមិនស្រនុក ដេកមិនលក់ដើរមិនសប្បាយកញ្ចប់ធាតុលើក្បាលដំនេកបានដុតកំដៅ

    គាត់អោយខឹងនឹងមេឃំុផាន់ និង បារាំង ជប៉ុន អោយខ្ពើមអោយស្អប់អំពើថោកទាបនៃសង្រ្គាម

    ចក្រពត្តិប្លន់ប្រទេសជិះជាន់មនុស្ស។

    សេចក្តីសោកស្តាយនិងសេចក្តីក្រោធ បាននាំអោយលឹមនឹកឃើញពេលដែលគាត់ធ្លាប់រស់នៅ

    ជាមួយបុគ្គលដែលចាកស្ថានទៅ។ វត្ថុទាំងប៉ុន្មាននៅក្នុងផ្ទះ ក្រោមផ្ទះ ក្រៅផ្ទះ ដូចជាមាន

    វិញ្ញាណចេះនិយាយកំរើកចិត្តអោយឃើញអនុស្សាវរីយ៍។

    ផ្គាក់ ដាវ លំពែង ដែលសៀតនៅជញ្ជាំងកណ្តាល ដាស់លឹមអោយឃើញរឿងយប់មួយពេល

    ក្មេងដេកលក់ មានចោរចង្រៃមកកំញើញឡើងប្លន់ផ្ទះគាត់។យប់នោះតាង៉ែតគ្មានតក់ស្លុត

    កន្រ្តាក់លំពែងរត់ទៅទ្វារក្រោយ ហើយបានដោះចន្ទាស់បង្ហើបទ្វារឈរចាំចាក់ចោរ។នៅ

    ទ្វារមុខ លឹមនិងយាយម៉ុកយាមចាំចោរ។ លឹមកាន់ផ្គាក់ម៉ែគាត់កាន់ដាវបើកទ្វារដោយក្លាហាន

    ស្រែកហៅដាស់គ្នា។ខ្លះប្រដាប់លំពែង ខ្លះផ្គាក់ពូថៅ ខ្លះដាវ ខ្លះស្នា ចាក់គ្នាជាកងជាពួកដេញ

    ចោរពាលរត់ខ្ចាត់ខ្ចាយ។ យប់នេះអ្នកភូមិស្រីៗrnនិងក្មេងៗ វេចបង្វេចសំពត់ ហិប ស្លា ផ្តិលទឹក

    កងក្រវិលមាសប្រាក់ចុះមកពួននៅកៀនជង្រុក ខ្លះដេកក្នុងទ្រុងគោ។ចំនែកប្រុសៗ ចាត់គ្នា

    យាមគ្រប់មាត់ច្រក គ្រប់ធ្លាចូលភូមិឃ្លាំកំុអោយចោរចូលមកទៀត។

    ត្មោង ជន្លួញផ្តៅលាបម្រ័ក្សណ៍ខ្មៅព្យួរនៅសសរទ្រូង ល្វែងខាងក្រៅបានដាស់លឹមអោយឃើញ

    រឿងវែងឆ្ងាយ។ កាលនៅកុមារអាយុ ១២ឆ្នាំ លឹមបានតាមម្តាយគាត់ ទៅកាត់ប្រហុកនៅ

    ច្បារអំពៅចុងស្ពានជ្រោយតាអោក។កុមារលឹមឃើញត្មោង ផ្តៅនេះស្រលាញ់ពេញចិត្ត

    ចង់បានសូមទិញគេៗមិនលក់អោយ។គេបបួលដូរនឹងអង្ករវិញ។លឹមមិនហ៊ានប្រាប់ម្តាយ

    គាត់លបលួចអង្ករពីរកំប៉ុងទឹកដោះគោដូរយកត្មោងផ្តៅ។ម្តាយគាត់ជេរប្រទេចគាត់ជា

    ខ្លាំងព្រោះខ្វះអង្ករដូរត្រីប្រហុក។មកដល់ផ្ទះឪគាត់បានបោះជន្លួញដែកគោលអោយ។

    បររទេះទៅណាមកណាលឹមយកត្រមោងនោះប្រើជានិច្ច។

    ហិបស្លាផ្តិលទឹក ចានចង្កៀងខ្លាញ់ មានរឿងនិយាយប្រាប់លឹមអោយឃើញពេលគាត់នៅ

    ជាមួយឪពុកម្តាយគាត់។

    លឹមមិនគ្រាន់តែព្រួយក្នុងការព្រាត់ឪពុក ម្តាយគូសំលាញ់ទេ។គ្រាប់បែកអាមេរិចកាំងមិន

    គ្រាន់តែសំលាប់យាយម៉ុក តាង៉ែត នាងហេងទេ គ្រាប់បែកចក្រពត្តិបានសំលាប់គោគាត់

    បានកំទេចរទេះគាត់គ្មានសល់បន្តិច។ លឹមចុះក្រ គ្មានរទេះ គ្មានគោប្រើ។ តាង៉ែតបានខ្ចីបុល

    ប្រាក់គេយកមកទិញស្រូវធ្វើអង្ករលក់។ បងគាត់បានចងការប្រាក់គេយកមកទិញស្រូវធ្វើ

    អង្ករលក់។ បងគាត់បានចងការប្រាក់ ពីអាចារ្យគឹមយកបុណ្យបូជាខ្មោចឪពុកម្តាយគាត់។

    អាចារ្យគឹមវត្តជើងភូមិ ជាអ្នកចេះធម៌អាថ៌ បាលីគ្រាន់បើ។គាត់មានមេត្តាដល់ជីវិតសត្វ។

    គាត់មិនហ៊ានធ្វើអន្លុងចាប់ត្រី ចិញ្ចឹមមាន់ ខ្វារក្តាម រកខ្យងដូចអ្នកភូមិខ្លះទេ។រាល់ថ្ងៃសីល គាត់

    ទៅវត្ត ហើយរាល់ព្រឹក គាត់បានដាក់បាត្រ។ តាំងពីគាត់បានធ្វើអាចារ្យមក គាត់បានគ្មានសំចៃ

    អង្គៀសប្រាក់សង់វិហារ សង់កុដិ។ល។ គាត់បានទទួលសេចក្តីរាប់អានពីអ្នកភូមិគ្រប់គ្នា

    ហើយអុងប៉ាងថាវ ហ៊ាឡាំបាននាំកថិនធ្វើផ្កាហើយបានទាំងសង់ខ្លោងទ្វារវត្តទៀតផង។

    ក្រៅពីឧបត្ថម្ភវត្ត អុងប៉ាងថាវ និងហ៊ាឡាំបានអោយលុយមកថៅកែចិនខ្មែរតូចៗបណ្តាក់ស្រូវ

    ស្ករល។ល។ អាចារ្យគឹមក៏ត្រូវអុងប៉ាងថាវ និងហ៊ាឡាំផ្ញើប្រាក់ទុកចងការអោយអ្នកភូមិ

    ដើមអំពិលដែរ។ អ្នកភូមិណាខ្វះខាតអាចទៅខ្ចីពីអាចារ្យគឹម ហើយសងគាត់វិញជាស្រូវ ជាអង្ករ

    ជាស្ករ ជាគោ ជាកំលាំង។ល។ ដោយវិធីប្រដាក់នេះអុងប៉ាងថាវបានធ្វើជាថៅកែមួយធំនៅគោក

    ចំបក់ ហើយអ្នកស្រុកម្តងមួយៗ បានធ្លាក់ខ្លួនទៅជាកូនបំនុលគាត់គ្រប់គ្នា។

    រាល់ថ្ងៃខែដាច់ អុងប៉ាងថាវ រឺហ៊ាឡាំបានមកវត្តជួបអាចារ្យគឹម អោយកាន់បញ្ជីត្រឹមត្រូវ ហើយ

    អោយខំទារប្រាក់បុលពីអ្នកជំពាក់ និងអោយដាក់ផែនការទិញស្រូវ រឺ ប្រមូលស្ករកំុអោយអ្នក

    ស្រែដឹកទៅលក់ឯភ្នំពេញទាន់។ អាចារ្យគឹមស្តាប់បង្គាប់អុងប៉ាងថាវគ្មានល្អៀង។ម្លោះហើយ

    តែដល់រដូវច្រូត រដូវស្ករគាត់ខំដើរកាត់ភូមិ ទារពីអ្នកជំពាក់អោយអុងប៉ាវថាវ។ពិតមែនតែឃើញ

    លឹមក្រគ្មានគោ គ្មានរទេះ ពិតមែន តែលឹមធ្វើស្រែមិនបានអាចារ្យគឹមឃ្លាំងធម៌បានបង្ខំលឹម

    សងប្រាក់អុងប៉ាវថាវ។ គាត់បានវែកញែកផ្លូវធម៌ ផ្លូវលោកប្រាប់លឹមថា៖ អន្ទិតឯងដឹងទេ ខ្មោច

    ឪឯងបានយកលុយពីអញសន្យាថាសងជាស្រូវ បើគ្មានស្រូវសន្យាប្រគល់ស្រែថ្លុក ស្រែត្រពាំង

    ដូចមានក្នុងសំបុត្រនេះស្រាប់។ អញដឹងថាឯងក្រដែរតែអុងប៉ាវថាវគាត់មិនព្រមសោះ។

    ឯងត្រូវតែសងជួសគាត់ទៅ បើឯងមិនចង់អោយម៉ែឪឯងមានពៀរទៅជាតិក្រោយ។ឯងដឹងខ្លះ

    ហើយតាមផ្លូវធម៌បើអ្នកណាខ្ចីប្រាក់គេមិនសង អ្នកនោះត្រូវរងទុក្ខវេទនាទៅថ្ងៃក្រោយ។

    ឯចំនែកផ្លូវលោកវិញ គេត្រូវអូសស្រែ…។ឯងកំុរឹងទទឹងអញមានសំបុត្រឪឯងស្រេច មានមេឃំុ

    ផាន់ជាសាក្សីស្រាប់។ សំបុត្រដីនៅឈ្មោះខ្មោចឪឯងទៀត។បើចង់ស្រួលឯងត្រូវប្រគល់ស្រែមក

    គង់ទៅដល់សាលាណាក៏វាមិនឈ្នះអុងប៉ាងថាវដែរ…។ត្រូវរកលុយអោយបានមកបើមិនបានទេ

    អាទិត្យក្រោយនេះអុងប៉ាងថាវមកកាត់បញ្ជីនៅផ្ទះមេឃំុហើយ។

     សំបុត្រ

    តាំងពីអុងប៉ាងថាវ អូសស្រែថ្លុក ស្រែត្រពាំងមក​លឹមបានផ្លាស់របររកសីុ។គាត់កាប់អុស រត់រឹុម៉ក

    ជាន់អង្ករលក់។ គាត់ចុះឡើងព្រែកត្នោត ក្បាលថ្នល់ភ្នំពេញrnរបរថ្មីបណ្តុះគំនិតថ្មី។ ការរកសីុហក់

    ចុះហក់ឡើងគ្មានទីកំនត់ សីុមិនឆ្អែត បានរុញអោយឃ្លាតពីភូមិដើមអំពិល។គំនិតប្តូរផ្តាច់លោះ

    ស្រែថ្លុក ស្រែត្រពាំង កេរខ្មោចម៉ែមកវិញបានរសាយ។មិនយូរប៉ុន្មាន គាត់ត្រូវលក់ដីភូមិអោយ

    អុងប៉ាងថាវទៀត។

    មុនថ្ងៃប្រគល់ផ្ទះអោយអុងប៉ាងថាវ លឹមបានទៅលាលោកគ្រូសូត្រស្តាំវត្តត្បូងដែលជាគ្រូរបស់

    គាត់។ ពេលលឹមទៅលាលោកគ្រូត្រេកអរសួរថា៖

    អញបានផ្តាំតាមមេឃំុភូមិផាន់ អោយឯងមកជួបអញ! ឯងដឹងទេ?

    -ខ្ញុំព្រះករុណាមិនបានដឹងឡើយ ព្រោះរវល់ណាស់!បន្តិចក្បាលថ្នល់ បន្តិចព្រែកត្នោត…។

    ហើយឥលូវលក់ផ្ទះអោយអុងប៉ាងថាវទៀតខាតអស់ ២០០៛០០។គាត់ដឹងថាឯងខ្វះគាត់

    ចេះតែវាយបន្ថោក…។

    -ឯងគិតទៅណា?

    -ចេះតែដើរហើយ! ទ្រាំនៅមិនបានស្រុកយើងនេះគ្មានស្រែធ្វើនោះ!

    -អញមានដំណឹងមួយប្រាប់ឯង។ ឯងចាំទេឧបាសកខើចជើងនៅវត្តបាស័កព្រះត្រពាំង។

    គាត់បានផ្ញើសំបុត្រមកអញមួយច្បាប់។ ឯងយកសំបុត្រនេះមើលចុះ។

    លោកគ្រូហុចសំបុត្រមកលឹមៗ បើកមើលឃើញសេចក្តីដូចតទៅ៖

    ភ្នំពេញ ថ្ងៃ១ អាវវិល ១៩៤៦

     សូមថ្វាយបង្គំមកលោកបង

     ខ្ញុំព្រះករុណាបានមកដល់ភ្នំពេញជិតពីរខែហើយ។ដោយរវល់ពេក ក៏មិនបានមកជួបផ្ទាល់នឹង

    លោកបង។ សូមផ្ញើប្រគេនសំបុត្រនេះជាដំណឹង។

     ដូចលោកបងបានជ្រាបហើយក្នុងពេលផាសីុសជប៉ុនចូលស្រុក ប្រជាជនខ្មែរទាំងមូលវេទនា

    តោកយ៉ាកជាពន់ពេក។ រាជការសៀមបានដណ្តើមយកខេត្តបាត់ដំបង ពង្រាត់ខ្មែរអោយបែក

    គ្នាកូនព្រាត់ពីម៉ែឪ ប្អូនព្រាត់បង ប្រពន្ធបាត់ប្តី។ល។

     នៅក្នុងស្រុកកងទ័ពជប៉ុន បានចូលមកដេរដាសពាសពេញមកតំរួតលើកងទ័ពជប៉ុនបារាំង

    ជញ្ជក់ឈាមញើសប្រជាជនខ្មែរ។ រាជការពេលនោះបានបង្អត់អំបិលបង្អត់សំពត់។ប្រជាជន

    ដាំកប្បាសគ្មានអំនាចលក់ និងរវៃសំលីខ្លួនឯង។ភ្នាក់ងារថ្មីអ្នកចាប់កប្បាសបានដើររុករើលុក

    លុយឆែកឆេរចាប់លក់ពិន័យជាប្រាក់ រឺដាក់គុកដល់អ្នកត្បាញសំរាប់ប្រើខ្លួនឯង ប៉ុន្តែត្រូវទៅ

    បើក សំលី គ កប្បាសពីសាលាស្រុកយកមករវៃត្បាញជាភួយជូនរាជការវិញ។នារីត្បាញភាគ

    ច្រើនគ្មានបានថ្លៃឈ្នួញមួយសេន បានតែនឿយនឹងខាតពេលធ្វើស្រែចំការរបស់ខ្លួន។

     ក្នុងពេលនោះប្រជាជនខ្មែរស្ទើរគ្រប់គ្រួសារនៅគ្រប់តំបន់ក្នុងប្រទេសបានរំុបាវដើម្បីនឹងបិទ

    បាំងកេរខ្មាស។ គ្រួសារខ្លះ មានសំពត់មួយបន្លាស់សំរាប់គ្នាបីនាក់ រឺ បួននាក់។ បើប្រពន្ធនៅ

    ផ្ទះ ប្តីស្លៀកសំពត់ចេញទៅធ្វើការក្រៅផ្ទះ។

     ឯចំនែកផាសីុសជប៉ុនវិញ បានប្ខំចាប់កេណ្ឌគូលីទៅធ្វើជួសជុលកន្លែងចំនតយន្តហោះដើម្បី

    ធ្វើសង្រ្គាមផាសីុសមហាអាសីុ។ ប្រជាជនខ្មែរទាំងស្រីទាំងប្រុសបានត្រូវពួកសិកបារាំងជប៉ុន

    ទុកដូចជាហ្វូងគោក្របី ត្រូវគេប្រើគ្មានដឹងយប់ថ្ងៃត្រូវគេកៀរចាប់យកទៅឆ្ងាយពីទីលំនៅ

    របស់ខ្លួន។

     លុះមកដល់ខែអុកតូប្រិ៍ឆ្នាំទៅកំលាំងប្រជាធិបតេយ្យ ក៏បានមានជ័យជំនះលើពួកផាសីុសនៅ

    គ្រប់សមរភូមិ។ ប្រទេសខ្មែរយើងក៏ត្រូវរួចផុតពីក្រញាំផាសីុសជប៉ុនដែរ។តែសេចក្តីត្រេកអរ

    របស់យើងមិនស្ថិតស្ថេរឡើយ។

     តាំងពីផាសីុសជប៉ុនបរាជ័យទៅនៅស្រុកយៀកណាមខាងត្បូង អាណានិគមនិយមបារាំង

    បាននាំទ័ពចូលមកប្លន់វិញ។ ប្រជាជនយៀកណាមបានក្រោកឡើងតស៊ូយ៉ាងអង់អាចទល់

    នឹងពួកទមិឡបារាំង។ ទាំងក្មេង ទាំងចាស់ ទាំងស្រី ទាំងប្រុសខ្លះប្រដាប់លំពែង ខ្លះពីងពង់

    ឫស្សីបានមូលគ្នាដូចខ្លួនមួយក្រោកឡើងវាយខ្មាំងបារាំងគ្រប់តំបន់។

     ខ្មាំងបារាំងបានឆ្លងមកប្រទេសយើង។ដូចលោកបងមានជ្រាបហើយ វាចូលមកត្រួតគ្រប់

    ក្រសួងរាជការវិញ ហើយវាបានចាប់ផ្តើមចាប់ចងសំលាប់ប្រជាជនយើង។តែនៅមុខស្ថាន

    ការណ៍នេះ ប្រជាជនយើងមិនសុខចិត្តនៅធ្វើខ្ញុំបារាំងទៀតឡើយ។ប្រជាជនយើង បាន

    ក្រោកឡើងគ្រប់ជាន់ថ្នាក់តស៊ូវិញ។ ការតស៊ូយើងលើកនេះវេទនាពិបាកប៉ុន្តែយើងប្រាកដ

    ជាឈានទៅរកជ័យជំនះ។ យើងត្រូវរូបរួមគ្នាសាមគ្គីប្រជាជនយើងទាំងមូលនឹងត្រូវចងមិត្ត

    ជាមួយប្រជាជនវៀតណាម ឡាវ ដែលក្រោកវាយបារាំង។

     ចុងបំផុតសូមលោកបងអោយដំណឹងមកខ្ញុំព្រះករុណាផង តើនេនលឹមកូនសិស្សលោក

    បងនៅឯណា? សឹក រឺ នៅ? មានប្រពន្ធរឺនៅ? សូមលោកបងប្រាប់អោយមកជួបនឹងខ្ញុំព្រះ

    ករុណាយ៉ាងប្រញាប់។

      សូមលោកបងទទួលសេចក្តីគោរពពីខ្ញុំព្រះករុណា?

                                                                                    យឹម

 


ទំព័រដើម | ​​អំពីវិបសាយ​ | ទំនាក់ទំនង​ | ព័ត៌មានសិល្បះ | វីដេអូ | ប្រលោមលោក | ពន្លឺអំពិលអំពែក | ​​​ចង់ក្លាយជាតារា
© 2010 រក្សាសិទ្ធគ្រប់យ៉ាងដោយ Ampil-Ampek.com    រចនាដោយ