សហការ-ឧបត្ថម្ភ       
 
 • ច្បាប់ស្រី


  ព្រះរាជនិពន្ធ នៃ

  ព្រះករុណាព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី

  ព្រះអង្គឌួង ព្រះបរមកោដ្ឋ

  ច្បាប់ស្រី

  បទកាកគតិ  

  កតមេហិ   បញ្ចគតិ-       ហិសាមិកា

   ភរិយាស-  ង្គហា សម្មា   ប្រែតាមអត្ថា-

  ធិប្បាយបាលី។

  ថាប្រុសឯណា   នឹងមានភរិយា     លោកឱ្យចេះក្តី

  ទាំងប្រាំចំពោះ   សង្រ្គោះចិត្តស្រី   ប្រពន្ធប្រក្រតី

  ដូចធម៌សំដែង។

  បើប្តីឯណា     ពំុកាន់កិរិយា      ទាំងប្រាំនេះឯង

  ហៅប្តីទុជ៌ន   ជួលន់ក្រៃលែង   ចេះតែកំហែង

  ចិត្តប្រពន្ធពិត។

  បើប្តីកាន់ច្បាប់   ទាំងប្រាំនេះខ្ជាប់       ហៅប្តីសុចរិត

  បម្រុងភរិយា      ដោយនាក្រមក្រឹត្យ   ប្រសើពេកពិត

  ឥតអ្វីផ្ទឹមឡើយ។

  អស់ប្រុសទាំងឡាយ   ចូរចាំអធិប្បាយ   ច្បាប់នេះជាត្រើយ

  ទុក្ខគ្រប់ប្រុសប្រាណ    កំុមានកន្តើយ     មានប្រពន្ធហើយ

  ជាសុខសម្រាន្ត៖

  ១ មួយគឺឱ្យប្តី         ហៅប្រើសំដី                នឹងប្រពន្ធមាន

   ពាក្យទន់ពីរោះ   ស្មើស្មោះដោយក្សាន្ត   សរសើររាប់អាន

  តាមស័ព្ទវាចា។

  ២ មួយគឺប្រពន្ធ     ខុសឆ្គងស្រាលធ្ងន់   កំុជេរផ្តាសា

   ទាត់ធាក់ដៀលដំ   ដូចខ្ញុំអាត្មា            កំុស្តីដើមថា

   ឱ្យឮសាយស័ព្ទ។

  ៣ មួយគឺបានធន      ប្រគល់ប្រពន្ធ    ទុកដាក់រណ្តាប់

     ទាំងគ្រឿងអាហារ   ជាការស្រីផ្គាប់   រៀបចំសម្រាប់

    ថែទាំរក្សា។

  ៤ មួយគឺកំុផ្ចង់        កំុខំតែបង់-     កើតកូនហើយថា

     ប្រពន្ធសុខចិត្ត   ឱ្យគិតប្រាថ្នា   រួសរកទ្រព្យា

     សម្រាប់ឱ្យផង។

  ៥ មួយគឺឱ្យចាប់   ស្រឡាញ់ឱ្យខ្ជាប់   កំុជិនណាយហោង

     បើមានប្រពន្ធ   ឬៀតកំុប៉ុនប៉ង       ស្រឡាញ់ស្នេហ៍ស្នង

     ឱ្យស្មើមុនឡើយ។

     សំដែងសេចក្តី      គ្រប់ ប្រាំ វិថី       ចែងចប់ស្រេចហើយ

     ឱ្យអស់ប្រុសផង   ចាំចងជាត្រើយ   ផ្ចង់កំុកន្តើយ

     ចោលច្បាប់បុរាណ។

     បើប្រុសឯណា   ពំុផ្ចង់ចិន្តា              ដូចធម៌ទូន្មាន

     នៅនឹងភរិយា     គ្មានជាសុខសាន្ត   ហិនហោចធនធាន

    ទាស់ទែងលែងគ្នា។

    ឯវិស័យចិត្ត    អស់ស្រីផងពិត   មានប្តីប្រាថ្នា

    អំពើទាំងប្រាំ   នេះចាំចិន្តា         គ្រប់ចិត្តភរិយា

    នៅនាលោកិយ។

   បើខ្វះអំពើ        ណាមួយហើយតើ   ប្រពន្ធថាប្តី

   ចិត្តពំុត្រូវត្រង់   ពំុគង់មេត្រី              តូចចិត្តស្វាមី

   អាក់អន់ពំុស្មោះ។

   លោកឱ្យប្រុសផង   គន់គិតស្ងួតគ្រង        ផ្ចង់ចិត្តសង្រ្គោះ

   ប្រពន្ធឱ្យពិត           ដោយក្រឹត្យប្រាំនោះ   ប្រពន្ធក៏ស្មោះ

   ចិត្តចូលមូលឯង។

   កំុគិតតែយក   ប្រពន្ធបានមក          គ្រាន់ឱបប្រឡែង

   បង្កើតតែកូន   សោះសូន្យធនធេង   លោកឱ្យគិតក្រែង

   ដំនៀលនិន្ទា។

   ធម្មតាជាប្តី           បានទ្រព្យធនអ្វី   ឬយសសក្តា

   តែងនៅសុខសឹង   ទីពឹងផងគ្នា      ព្រោះដ្បិតភរិយា

   កាន់ក្តីសុចរិត។

   អំពើច្នេះហោង   ឱ្យអស់ប្រុសផង          ចងចាំក្នុងចិត្ត

  តាមធម៌ទូន្មាន    គ្រប់ប្រាណប្រុសពិត   ទុកជាក្រមក្រឹត្យ

   ច្បាប់ច្បាស់តទៅ។

   អង្គអញរចនា   សេចក្តីកាព្យា   តាមច្បាប់ទុកនៅ

   ក្នុងព្រះបាលី    សេចក្តីជ្រាលជ្រៅ   ពំុហ៊ានសៅដៅ

   លើកលេងងាយដាយ។

  ឧស្សាហ៍ខំប្រុង   ប្រែរករើសក្នុង   គម្ពីរនិកាយ

  អដ្ឋកថា              ដីកាបរិយាយ     និបាតទាំងឡាយ

  មកផ្សំសំដី។

  ជាច្បាប់ទុកត    ដំណឹងដំណ       ដំណើរស្រ្តី

  ឱ្យជាក់ប្រាកដ   ដោយបទបាលី  គ្រាន់អស់ប្រុសស្រី

  រើសរៀនរកផ្លូវ។

     ច្បាប់នេះប្រសើរ   ដំណឹងដំណើរ        ទំនងនេះកូវ

     ជាច្បាប់ប្រាកដ     ដោយបទត្រឹមត្រូវ   គួរយើងឥឡូវ

     ប្រតិបត្តិរក្សា។

     គួររៀនឱ្យស្ទាត់          ឱ្យចាំរត់មាត់    ជាក់ក្នុងចិន្តា

     គ្រាន់នឹងប្រិតប្រៀន   បង្រៀនអាត្មា   តាមដោយគាថា

     នេះឯងតទៅ។

     ចែងចប់អភិប្រាយ   ដោយអត្ថបរិយាយ   សូរេចថ្ងៃសៅរិ៍

     ប្រាំបីរោចឯ           នាខែមាឃនៅ          ឆ្នាំរកាត្រូវ

     នព្វស័កស្រេចហោង។

   ចប់  


 


ទំព័រដើម | ​​អំពីវិបសាយ​ | ទំនាក់ទំនង​ | ព័ត៌មានសិល្បះ | វីដេអូ | ប្រលោមលោក | ពន្លឺអំពិលអំពែក | ​​​ចង់ក្លាយជាតារា
© 2010 រក្សាសិទ្ធគ្រប់យ៉ាងដោយ Ampil-Ampek.com    រចនាដោយ